យុវជនខ្មែរ និង សមាគមអាស៊ាន៖ ស្វែងយល់ការវិវត្ត នៃសមាគមអាស៊ាន
សន្និសីទអាស៊ាន បានរៀបចំឡើង នៅប្រទេសសាំងហ្កាពួរ(Singapore) ក្នុងន័យរំលឹក ៤០ឆ្នាំ នៃខួបអភិវឌ្ឍ សមាគមអាស៊ាន។ សន្និសីទនេះ បានវាយតំលៃឡើងវិញ សមិទ្ធិផល និង ចំណុចខ្វះខាត កន្លងមក រយះពេល៤០ឆ្នាំ។ អាស៊ាន ត្រូវបានបង្កើតនៅឆ្នាំ ១៩៦៧ ដែលជាដំណាក់កាល នៃសម័យ សង្គ្រាមត្រជាក់ រវាង ប្លុកសេរី និង ប្លុកកុម្មុយនីស្ត។ គោលដៅចំបង របស់ សមាគមអាស៊ាន នៅពេលនោះ គឺរារាំង ចលនារាតត្បាត នៃពួកកុម្មុយនិស្ត នៅអាស៊ីអគ្នេយ៍ ជាពិសេសរារាំង សង្គ្រាមរាតត្បាត ដែលកំពុងត្រូវឆាបឆេះ យ៉ាងសន្ធោរសន្ធៅ ស៊ីសាច់ហុតឈាម នៅប្រទេសយួន។ ជាបណ្តើរៗ សមាគមអាស៊ាន ក៏បានប្តូរ ទិសដៅរបស់ខ្លួន ដែលជាគោលដៅស្នូល ដើម្បីឈានទៅរក គំរូសហគមអឺរ៉ុប (EU: Europe Union)។
ការបិទប្រកាសនេះ ក៏ជាកញ្ចក់ឆ្លុះ អំពីទង្វើ របស់រដ្ឋាភិបាលខ្មែរ តើត្រូវមានវិធានការ បណ្តុះបណ្តាល ធនធានមនុស្ស ក្នុងជួរកុមារ/យុវជនខ្មែរ យ៉ាងណាខ្លះ ដើម្បីអោយ កូនខ្មែរជំនាន់ក្រោយ អាចធ្វើការស្នង ក្នុងនាមប្រទេសខ្មែរ ជាសមាជិក សមាគមអាស៊ាន ព្រោះអស់អ៊ុំអស់តាខ្លះ មិនត្រឹមតែ អង្គុយកៅអីរដ្ឋមន្ត្រី ផ្តាច់មុខរាប់សិបឆ្នាំ ថែមទាំងបង្ក អំពើពុករលួយ ដែលនាំមកនូវផលអាក្រក់ ឥតប្រណីដល់ ប្រជាពលរដ្ឋក្រីក្រ គ្រប់រូប។
ចំណុចខ្លាំង និង ចំណុចខ្សោយ របស់សមាគមអាស៊ាន មានកត្តាអ្វីខ្លះ?
១-ចំណុចខ្លាំង៖ សមិទ្ធិផល និង គុណសម្បត្តិ៖
a. កត្តាសហពិគ្រោះ (មានភាពជឿនលឿន គួរអោយកត់សំគាល់) ព្រោះបានរៀបចំ៖
- ការសន្ទនាការងារទៀងទាត់ រវាងសមាជិកទាំង១០ នូវ សន្និសីទថ្នាក់កំពូល សន្និសិទថ្នាក់រដ្ឋមន្ត្រី សន្និសីទជំនាញ
- ការសន្ទនាទៀងទាត់ ជាមួយប្រទេសសំខាន់ៗ នៃតំបន់អាស៊ី ក្នុងនោះមាន ចិន ជប៉ុន កូរេខាងត្បូង ឬ អាស៊ាន+៣(ចិន, ជប៉ុន, កូរេខាងត្បូង)
- ការសន្ទនា រវាងសាំងហ្កាពួរ-បារាំង ធ្វើអោយសមាគមអាស៊ាន បង្កើតបាន ប្រព័ន្ធសន្ទនាការងារ ឆ្លងទ្វីបអាស៊ី-អឺរ៉ុប តាមរយះសន្និសីទប្រចាំឆ្នាំ ASEN (ASean-Europe unioN)
- បង្កើតបាន វេទិកាតំបន់អាស៊ាន(Asean forum) ដែលជាវេទិកា តែមួយគត់ ពិភាក្សាអំពី សន្តិសុខតំបន់ នៃទ្វីបនៅអាស៊ី
- ឆ្នាំ ២០០២ អាស៊ានបង្កើតបាន ច្បាប់ដោះស្រាយវិវាទ តាមផ្លូវការបរទេស ដែលបង្ការ ក្រែងមានវិវាទ នៅសមុទ្រខាងកើតប្រទេសយួន។
b. កត្តាសេដ្ឋកិច្ច ៖
- ជារួម គ្រប់សមាជិក សមាគមអាស៊ាន មានអត្រាកំណើនសេដ្ឋកិច្ច ខ្ពស់គ្រាន់បើ (ឆ្នាំ២០០៥ អត្រាមធ្យម នៃកំណើនសេដ្ឋកិច្ច ទូទាំងសមាគមអាស៊ាន មាន ៥,៥% ក្នុងនោះ កំណើនទៀងទាត់ នាំចេញប្រចាំឆ្នាំ គឺ ១៥% ។
- អាស៊ានក៍ជាទីទាក់ទាញ ការបណ្តាក់ទុនផ្ទាល់ ពីបរទេស ដែលមានចំនួន ៣៨កោដិដុល្លារ ក្នុងឆ្នាំ ២០០៦
- សមាគមអាស៊ាន ជាទីផ្សារដែលមាន ប្រជាពលរដ្ឋចំនួន ៥៧០លាននាក់ ដែល ផលិតផលសរុប ក្នុងស្រុក(GDP: Gross Domestic Product) ក្នុងសមាគមទាំងមូល ឡើងដល់ប្រមាណ ១០០០កោដិដុល្លារ
- អាស៊ានគ្រោងបញ្ចេញជា រូបរាងពិតប្រាកដ នៅឆ្នាំ២០១៥ នូវតំបន់ពាណិជ្ជកម្មសេរី របស់ខ្លួន
c- កត្តាច្បាប់ (លេចធ្លោក្នុងសន្និសីទ នៅសាំងហ្កាពួរ)
- ធម្មនុញ្ញ(Charter)រួម របស់សមាគមអាស៊ាន ដែលត្រូវបាន ថ្នាក់ដឹកនាំប្រទេស នៅអាស៊ីប៉ែកអគ្នេយ៍ ក្នុងសមាគម អាស៊ាន រួមគ្នា ចុះហត្ថលេខាអនុមតិ ជាប្រវត្តិសាស្រ្ត នៅសន្និសីទសាំងហ្កាពួរ នាពេលនេះ គឺដើម្បីជំរុញ អាស៊ានអោយមាន អត្តសញ្ញាណស្របច្បាប់ ក្នុងការចុះហត្ថលេខា លើរាល់សន្ធិសញ្ញា ជាមួយអន្តរជាតិ ក្រៅសមាគមអាស៊ាន។ នោះជាការ លើកកំពស់តួនាទី សមាគមអាស៊ាន លើសៃវៀនអន្តរជាតិ។
- ធម្មនុញ្ញ មានមាត្រាកំណត់ យ៉ាងច្បាស់ថា ប្រទេសសមាជិកនីមួយៗ ត្រូវតាំងចិត្ត ការពារលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិមនុស្ស(human rights) និង សិទ្ធិជាមូលដ្ឋាន របស់មនុស្ស(human Basic rights)
២- ចំណុចអន់ របស់អាស៊ាន៖
កត្តានយោបាយ និង សិទ្ធិមនុស្ស
- សមាគមអាស៊ាន ជាសំណុំនៃរបបនយោបាយ បញ្ច្រាសទិសគ្នា ក្នុងនោះមាន របបយោធានិយម(ភូមា) របបផ្តាច់ការនិយម របបប្រជាធិបតេយ្យសេរីក្មេងខ្ចី(សៀម,...) របបកម្មុយនិស្តផ្តាច់ការ(យួន, លាវ) ម៉្លោះហើយធម្មនុញ សមាគមអាស៊ាន មិនអាចដើរ អោយបានឆ្ងាយទេ ដោយ មិនត្រូវជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសនីមួយៗ នោះ ព្រោះ គ្រប់ការសំរេច មិនត្រូវផ្អែកលើច្បាប់ បែរជាត្រូវផ្អែកលើគោលការ សំរុះសំរួលគ្នា ប្រាសចាកពី លក្ខណះប្រជាធិបតេយ្យ ទៅវិញ (ដូចមានពាក្យថា បើអត់យុត្តធម៌តាមច្បាប់ តើលទ្ធិប្រជាធិបតេយ្យ បានមកពីណា?)។ សំណុំរឿង នៃរបបផ្តាច់ការ នៅប្រទេសភូមា ជាភស្តុតាង បង្ហាញយ៉ាងច្បាស់ នូវ អសមត្ថភាព នៃសមាគម អាស៊ាន។
- ធម្មនុញ្ញ(Charter)អាស៊ាន មិនត្រូវបានបោះឆ្នោត ប្រជាមតិពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ ដែលជាសមាជិក សមាគមអាស៊ាន ដើម្បីជាការ ប្រឹក្សាមតិប្រជាពលរដ្ឋ អំពីខ្លឹមសារនៃធម្មនុញ្ញរួម
ថ្វីបើកើតមកបាន ៤០ឆ្នាំហើយក្តី ប៉ុន្តែសមាគមអាស៊ាន ត្រូវតែបន្តការកែលំអ នូវភាពមិនចូលធ្លុងគ្នា ដើម្បីបញ្ជាក់ នូវកិត្តិនាមរបស់ខ្លួន ឈានទៅរក គំរូសេដ្ឋកិច្ចសហគមអឺរ៉ុប ដែលថិតនៅឆ្ងាយសន្លឹម ដូចជើងមេឃ ចំពោះប្រទេស នៅភូមិភាគអាស៊ីអគ្នេយ៍ទាំងនេះ។